![]() |
មន្ត្រីយោធាជាន់ខ្ពស់នៅក្នុងពិធីមួយកាលពីពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍ |
ម៉ិច ដារ៉ា | ភ្នំពេញ ប៉ុស្ដិ៍ Publication date 02 March 2018 | 10:12 ICT
ភ្នំពេញៈ ព្រះមហាក្សត្របានដំឡើងឋានន្តរស័ក្តិដល់មន្ត្រីកងយោធពលខេមរភូមិន្ទជាង ៣០០ រូបបន្ថែមទៀតកាលពីខែធ្នូ និងខែមករាកន្លងទៅ ក្នុងនោះរួមមានថ្នាក់ឧត្តមសេនីយ៍យ៉ាងហោចណាស់ ៦ រូបហើយក៏ត្រូវបានដាក់បញ្ចូលក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនផងដែរ។ នេះជាការដំឡើងឋានន្តរស័ក្តិដល់កងយោធាធំបំផុតទី ២ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
យោងតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាបានបង្ហាញថា មន្ត្រី ៣ រូបត្រូវបានដំឡើងឋានៈទៅថ្នាក់នាយឧត្តមសេនីយ៍ផ្កាយបួន ១៣ រូបត្រូវបានដំឡើងឋានៈឧត្តមសេនីយ៍ឯក ១១៤ រូបត្រូវបានដំឡើងឋានៈថ្នាក់ឧត្តមសេនីយ៍ទោ និង ១៧៨ រូប និងមានផ្សេងទៀតត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងការពារការដំឡើងឋានន្តរស័ក្តិនេះថា ជារឿងធម្មតា ហើយលោកបានបញ្ជាក់ថា វាត្រូវបានធ្វើឡើងតាមសំណើរបស់កងទ័ព។ លោក ឥសាន បន្តថា៖ «នៅពេលដែលពួកគេក្លាយជាសមាជិកគណៈកម្មាធិការកណ្តាល នោះវាមានន័យថា ពួកគេមានសមិទ្ធផល និងគុណសម្បត្តិគ្រប់គ្រាន់»។ លោកបានពន្យល់ថា គណបក្សកាន់អំណាចព្យាយាមដំឡើងឋានន្តរស័ក្តិដល់សមាជិកភាពដែលមានតួនាទីក្នុងរដ្ឋាភិបាល។ លោក ឥសាន បានបន្ថែមថា៖ «នេះគឺផ្តល់ការលើកទឹកចិត្តដល់ពួកគេ»។
ប៉ុន្តែក្រុមអ្នកវិភាគបានរិះគន់ដល់ការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីយោធាបែបនេះថា ជាឱកាសមួយសម្រាប់ក្រុមប្រកាន់បក្ខពួកនិយម ហើយទំនងជាចង់បង្កើនការគាំទ្រដល់គណបក្សកាន់អំណាចផងដែរ។
បើតាមមន្ត្រីដែលបដិសេធមិនបញ្ចេញឈ្មោះបានអះអាងថា បច្ចុប្បន្នឋានៈឧត្តមសេនីយ៍មានប្រមាណ ៣០០០ នាក់នៅក្នុងជួរកងទ័ព។
កាលពីខែមុនរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានទទួលស្គាល់ថា ការដំឡើងឋានន្តរស័ក្តិនេះមិនមែនតែងតែត្រូវបាន «អនុវត្តបានត្រឹមត្រូវ» គ្រប់ពេលនោះទេ ហើយវាអាចធ្វើឲ្យ «ប៉ះពាល់ជាអវិជ្ជមានដល់អង្គភាព» ទាំងមូលផងដែរដែលអាចធ្វើឲ្យទាហានដែលត្រូវបានមើលរំលងមិនពេញចិត្ត។ លោក ទៀ បាញ់ ថ្លែងថា៖ «ការដំឡើងឋានន្តរស័ក្តិ និងការចាត់តាំងតួនាទីមិនត្រូវបានវាយតម្លៃឱ្យមានតម្លាភាពទេ ហើយវាបានធ្វើឱ្យមានការមិនសប្បាយចិត្ត»។
លោក Jon Grevatt អ្នកវិភាគផ្នែកកិច្ចការការពារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា វាជារឿងធម្មតាក្នុងចំណោមបណ្តាប្រទេសអាស៊ីជាច្រើនដូចជាប្រទេសថៃ មីយ៉ាន់ម៉ា និងកូរ៉េខាងត្បូងជាដើមដែលប្រើប្រាស់កម្លាំងកងទ័ពធ្វើជាកម្លាំងដៃនយោបាយ»។ លោក Grevatt បញ្ជាក់ថា៖ «ច្បាស់ណាស់ អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើ គឺដើម្បីពង្រឹងការកាន់កាប់កងកម្លាំងយោធា។ វាគឺជាវិធីនៃការពង្រឹងអំណាចស្នូលរបស់គាត់ដូចជារដ្ឋបាល និងពង្រឹងសមត្ថភាពរបស់គាត់ ដើម្បីរក្សាការដឹកនាំប្រទេសជាតិរបស់គាត់។ ជាក់ស្តែងលោក ហ៊ុន សែន ហាក់កំពុងរងសម្ពាធបន្តិចបន្តួច ហើយវិធីមួយក្នុងចំណោមវិធីជាច្រើនផ្សេងទៀត គាត់អាចបន្ថយសម្ពាធនេះតាមរយៈការពង្រឹងកម្លាំងស្នូលរបស់គាត់នៅក្នុងកងយោធពលខេមរភូមិន្ទ... ហើយបញ្ហានយោបាយដែលបានកើនកម្តៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលគាត់បានធ្វើរឿងនេះ។ គាត់ប្រហែលជាមានការព្រួយបារម្ភថា អាចមានការបះបោរនយោបាយ ឬក្រុមណាមួយផ្សេងទៀតមានបំណងប្រកួតប្រជែងអំណាចរបស់គាត់ ដូច្នេះហើយគាត់ត្រូវការកម្លាំងយោធានៅខាងគាត់»។
យោងតាមបញ្ជីឈ្មោះដែលបានចេញផ្សាយ បន្ទាប់ពីសន្និបាតប្រចាំឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថា មាននាយឧត្តមសេនីយ៍ផ្កាយបួនថ្មី ៣ រូប គឺលោកស្រី ម៉ី មនដារី លោក អ៊ុយ សារិន្ទ និងលោក ដាំ ដារ៉ារិទ្ធ ដែលអ្នកទាំងអស់នេះត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការកណ្តាលបក្សក្នុងខែមករា។
បន្ថែមលើសពីនេះមានឧត្តមសេនីយ៍ឯកចំនួន ៣ រូបទៀតដែលមានដូចជាលោក ខៀវ ផាត លោក ទៀប ហ៊ន និងលោក ហាន់ សុវណ្ណ ដែលពួកគាត់ក៏ស្ថិតនៅក្នុងចំណោមក្រុមត្រូវបានតែងតាំងថ្មីដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
ទាហានជើងចាស់ពាក់ស័ក្តិ ៣ ម្នាក់មកពីភូមិភាគ ៣ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានត្រូវបានមន្ត្រីជាន់ខ្ពស់ណែនាំយ៉ាងទៀងទាត់ឲ្យជួយដល់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «មេរបស់យើងតែងតែដំឡើងឋានៈដល់អ្នកណាដែលផ្តល់ប្រយោជន៍ដល់គាត់...បើមិនដូច្នេះទេ វាត្រូវការពេលយូរណាស់ ដើម្បីឱ្យពួកយើងទទួលបានការដំឡើងឋានន្តរស័ក្តិនេះ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជាម ច័ន្ទនី បានថ្លែងថា ការតែងតាំងបែបនេះគឺបានកើតឡើងយូរណាស់មកហើយនៅក្នុងកងកម្លាំងប្រដាប់អាវុធកម្ពុជា។
លោកបានថ្លែងបន្តថា៖ «នេះគឺដើម្បីលើកទឹកចិត្តដល់មនុស្សមួយចំនួន ដើម្បីឱ្យការពារផលប្រយោជន៍របស់រដ្ឋាភិបាល និងដើម្បីការពារអំណាចរបស់ខ្លួន ហើយនេះគឺជាភាពអយុត្តិធម៌មួយសម្រាប់អ្នកដែលបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពួកគេពិបាកនឹងទទួលបាននូវការដំឡើងឋានន្តរស័ក្តិនេះ»៕ NS
រាយការណ៍បន្ថែមដោយ Daphne Chen
Comments
Post a Comment