![]() |
| រដ្ឋមន្ត្រីក្រសួងការបទេសលោក ប្រាក់ សុខុន ថ្លែងក្នុងកម្មវិធីមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ ហុង មិនា |
ម៉ិច ដារ៉ា and Erin Handley | ភ្នំពេញ ប៉ុស្ដិ៍
Publication date 05 March 2018 | 10:10 ICT
ភ្នំពេញៈ ខណៈរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារចំនួន ៦ ខែត្រូវបានបញ្ចប់ ចៅក្រមស៊ើបសួរលោក គី ឫទ្ធី នៃសាលាដំបូងរាជធានីភ្នំពេញបានចុះទៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ៥ ខែមីនានេះ ដើម្បីបន្តការសាកសួរលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ។
លោក ជូង ជូងី មេធាវីម្នាក់របស់លោក កឹម សុខា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនក្តីរបស់លោកនឹងត្រូវសាកសួរបន្ថែមដោយលោកចៅក្រមស៊ើបសួរ គី ឫទ្ធី។ លោកថ្លែងថា៖ «ចៅក្រមស៊ើបសួរនឹងសាកសួរបន្ថែមលើលោក កឹម សុខា នៅថ្ងៃនេះ»។
ជាមួយគ្នានេះដែរលោក ជូងី ឲ្យដឹងថាសំណុំរឿងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នឹងត្រូវបើកសវនាការដោយតុលាការកំពូលនៅថ្ងៃទី ៩ ខែមីនាខាងមុខនេះផងដែរ។
ខណៈដែលគម្រប់ខួប ៦ ខែនៃការចាប់ឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ពីបទក្បត់ជាតិខិតជិតចូលមកដល់នោះក្រសួងការបរទេសកម្ពុជាកំពុងរិះគន់ចំពោះអ្វីដែលជាចរិតលក្ខណៈមិនចេះចប់មិនចេះហើយរបស់ជនបរទេសដែលអន្តរាគមន៍មកលើប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានរងសម្ពាធជាច្រើនពីអន្ដរជាតិនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយក្នុងនោះសហរដ្ឋអាមេរិកទើបតែបានសម្រេចកាត់ជំនួយមកដល់ប្រទេសនេះ ខណៈដែលប្រទេសអាល្លឺម៉ង់បានបញ្ចប់ការផ្តល់ទិដ្ឋាការអនុគ្រោះដល់សមាជិករដ្ឋាភិបាលកម្ពុជាចំណែកឯអ្នកនយោបាយអូស្ត្រាលីវិញកំពុងវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះវោហារសាស្ត្រហិង្សារបស់លោក។
ការស្តីបន្ទោសពីអន្តរជាតិនេះភាគច្រើនគឺពួកគេឆ្លើយតបទៅនឹងការបង្ក្រាបយ៉ាងទូលំទូលាយទៅលើសេរីភាពនយោបាយនៅក្នុងប្រទេសកម្ពុជាជាពិសេសការចាប់ខ្លួនអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា កាលពីថ្ងៃទី ៤ ខែកញ្ញាកន្លងទៅ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា រដ្ឋាភិបាលអះអាងថាវិធានការផ្លូវច្បាប់ទាំងអស់ដែលរដ្ឋបានចាត់វិធានការគឺត្រូវបានចាត់ទុកជារឿង «ស្លាប់រស់» សម្រាប់ប្រទេសជាតិ។
យោងតាមរបាយការណ៍នោះបានឱ្យដឹងថាការចាប់ខ្លួនលោក កឹម សុខា និងមន្ដ្រីនយោបាយផ្សេងទៀតគឺធ្វើឡើងដើម្បី «ចៀសវាងពីការជ្រៀតជ្រែក» ពីខាងក្រៅ និងដើម្បីទប់ស្កាត់ការប៉ុនប៉ងពីសំណាក់ជនបរទេសដែលប្រឆាំងទៅនឹងផលប្រយោជន៍ជាតិហើយក៏ដើម្បីទប់ស្កាត់ប្រទេសកម្ពុជាកុំឱ្យធ្លាក់ចូលទៅក្នុងយុគងងឹតដែរ។
បើទោះបីជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនទាន់ត្រូវបានអនុវត្តក្តី ក៏សម្ពាធនយោបាយមួយចំនួនត្រូវបានដាក់ចេញរួចហើយ ដែលនេះជាការលើកឡើងរបស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសដោយសំដៅដល់ការកាត់ជំនួយរបស់អាមេរិកមួយចំនួន។
ក្រសួងបាននិយាយថាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីនដែលត្រូវបានបំផ្លាញដោយយុទ្ធនាការនៃការបោសសម្អាតជនជាតិភាគតិច និងការសម្លាប់ក្រៅប្រព័ន្ធតុលាការចំណែកឯប្រទេសកម្ពុជាត្រូវបានថ្កោលទោស និងរិះគន់ពីរដ្ឋាភិបាលប្រទេសលោកខាងលិច។
រដ្ឋមន្ត្រីក្រសួងការបទេសលោក ប្រាក់ សុខុន បានសួរថា៖ «បញ្ហារបស់យើងគឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធ ប៉ុន្តែហេតុអ្វីបានជាប្រទេសមហាអំណាចមួយចំនួនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់យើង?»។
លោកក៏បានរិះគន់អ្នកនយោបាយប្រឆាំងនៅបរទេសផងដែរដែលបានដើរតួធ្វើជា «អ្នកឃោសនា»។ ការលើកឡើងរបស់ក្រសួងការបរទេសនេះបានកើតឡើងនៅពេលដែលសមាជិកសភាអាស៊ានបានអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌចុងបញ្ចប់ខួប ៦ ខែនៃការចាប់ខ្លួនលោកទាំងពាក់កណ្តាលអធ្រាត្រនោះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយទៅហើយនោះ គឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែកញ្ញា និងបានចោទប្រកាន់ពីបទក្បត់ជាតិចំពោះការថ្លែងសុន្ទរកថារបស់លោកដែលបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងឆ្នាំ ២០១៣ នៅអូស្ត្រាលីអំពីការទទួលបានដំបូន្មានអំពីអាជីពរបស់លោក និងជំនួយអំពីការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រលោក Charles Santiago ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានថ្លែងថាការបន្តការឃុំខ្លួនលោក កឹម សុខា គឺជាការរំលោភអំណាចមួយពីគណបក្សកាន់អំណាចនៅកម្ពុជា។
លោកថ្លែងថា៖ «ការចោទប្រកាន់ទាំងនេះមិនគួរត្រូវបានធ្វើឡើងតាំងពីដើមទីមកម្ល៉េះ ហើយគួរតែត្រូវទម្លាក់ចោលការចោទប្រកាន់ទាំងនោះជាបន្ទាន់ និងត្រូវដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ»។
ការស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា ត្រូវបានបដិសេធដោយតុលាការកម្ពុជា។ គឺចាប់តាំងពីពេលដែលលោកបានស្នើសុំនៅក្រៅឃុំដើម្បីបានទៅព្យាបាលនៅក្រៅប្រទេសនោះ។ អតីតប្រធានគណក្សប្រឆាំងលោក សម រង្ស៊ី បានថ្លែងថាការរឹតត្បឹតសេរីភាពរបស់រដ្ឋាភិបាលដែលកំពុងកើនឡើងនឹងរុញច្រានកម្ពុជាឲ្យក្លាយទៅជារដ្ឋមួយកាន់តែខ្មៅងងឹតថែមទៀតហើយសហគមន៍អន្តរជាតិនឹងមិនត្រូវបានបោកបញ្ឆោតអំពីភាពពុតត្បុតរបស់ពួកគេនោះទេ»។
លោកថ្លែងថា៖ «ចាប់តាំងពីលោក George Orwell ដល់លោក ស្តាលីន (Stalin) ទៅដល់លោក ណាស៊ី (Nazis) ដល់របបប៉ុលពតហើយបច្ចុប្បន្នដល់លោក ហ៊ុន សែន គឺពាក្យសម្តីនៅក្នុងពិភពរបស់ពួកគេមិនមានអត្ថន័យដូចគ្នាទៅនឹងវាក្យសព្ទបច្ចុប្បន្នរបស់យើងនោះទេ។ ពួកវាត្រូវបានគេធ្វើឲ្យបង្ខូចទ្រង់ទ្រាយដើម្បីបញ្ជោតគំនិតរបស់មនុស្សតាមវិធីគាបសង្កត់ និងប្រឌិត និងបន្ថែមការប្រមាថវាយដំ និងស្លាប់ជាដើម»។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនលោកស្រី មូរ សុខហួរ បានសង្កត់ធ្ងន់ថានៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ «ពាក្យថាផ្លាស់ប្តូរអ្នកដឹកនាំពីសំណាក់ប្រជាពលរដ្ឋមិនមែនមានន័យថាផ្តួលរំលំរដ្ឋាភិបាលនោះទេ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព បានថ្លែងថាដោយមិនគិតអំពីទស្សនៈនយោបាយ «ច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិបានតម្រូវឱ្យមនុស្សទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់»។
លោកស្រីថា នៅក្នុងប្រទេសកម្ពុជាសមាជិកគណបក្សប្រឆាំង និងអ្នកនយោបាយត្រូវបានគេរើសអើងជាប្រព័ន្ធដោយប្រព័ន្ធយុត្តិធម៌ដែលត្រូវបានចាត់ចំណាត់ថ្នាក់៕ NS
រាយការណ៍បន្ថែមដោយ ឆាយ ច័ន្ទនីដា

Comments
Post a Comment